នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ នឹងដាក់ដំណើរកម្មវិធីទូរសព្ទដៃ (Mobile Application) មួយ ដែលមានឈ្មោះថា «Taxi OK» នាថ្ងៃទី២៥ ខែមករា ដើម្បីបង្កើនស្តង់ដាសុវត្ថិភាពសម្រាប់សេវាកម្មតាក់ស៊ី។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Thai BPS។
លោក Sanit Phromwong អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ បានបញ្ជាក់ឲ្យដឹងថា «Taxi OK» គឺជាផ្នែកមួយនៃពង្រឹងសេវាកម្មតាក់ស៊ីថៃឲ្យបានដល់ស្តង់ដាអន្តរជាតិ ជាពិសេសឥរិយាបថអ្នកបើកបរ និងសុវត្ថិភាពយានយន្ត។
លោកបានលើកឡើងថា តាក់ស៊ីថ្មីទាំងអស់ដែលបានចុះឈ្មោះក្រោយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចប្រើប្រាស់ App «Taxi OK» ដោយតម្រូវឲ្យបំពាក់ឧបករណ៍បន្ថែមមួយចំនួន ដូចជា ប្រព័ន្ធចាប់ទីតាំង GPS, កាម៉េរ៉ា និងប៊ូតុងប្រកាសអាសន្ន។
តាមរយៈការបំពាក់ឧបករណ៍ទាំងនេះ ក្រុមហ៊ុនដែលតាក់ស៊ីបានចុះឈ្មោះ រួមទាំងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ អាចតាមដានមើលសកម្មភាពបើកបរ ជាពិសេសការប្រើប្រាស់ល្បឿន ការគោរពភ្លើងសញ្ញាចរាចរណ៍របស់អ្នកបើកតាក់ស៊ី។
ក្នុងករណី អ្នកជិះត្រូវការជំនួយបន្ទាន់ គេអាចចុចប៊ូតុង Emergency ដែលស្ថិតនៅមុខកៅអីអង្គុយរបស់ខ្លួន ហើយកាម៉េរ៉ានៅក្នុងរថយន្ត នឹងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់ក្រុមហ៊ុន ក៏ដូចជាមន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
លោក Sanit បានអះអាងថា សេវាកម្មនេះអាចទប់ស្កាត់អកប្បកិរិយាមិនល្អរបស់អ្នកបើកបរតាក់ស៊ី។ លោកបន្ថែមថា តម្លៃសេវាកម្មតាក់ស៊ីដែលភ្ជាប់ «Taxi OK» មិនខុសពីតាក់ស៊ីធម្មតានោះឡើយ ប៉ុន្តែអ្នកដែលហៅតាម App នេះ គ្រាន់តែបង់លុយបន្ថែម២០បាតប៉ុណ្ណោះ ដើម្បីពង្រឹងសុវត្ថិភាពខ្លួនក្នុងពេលធ្វើដំណើរ៕